គ្រឿងផ្សំ

មាន់ ជីវ៉ាន់ស៊ុយ អំបិល គល់ស្លឹកគ្រៃ ខ្ទឹមស ទឹកត្រី ម្រេច


វិធីធ្វើ

១- មាន់ស្រែទម្ងន់ប្រហែល ១គ.ក្រ ១ក្បាល,មើមខ្ទឹម ៥កំពិស និងឬសជីរវ៉ាន់ស៊ុយ ៥ដើម , គល់ស្លឹកគ្រៃដំបំបែក ៣-៤គល់ និងម្រេចគ្រាប់ ១០គ្រាប់, អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វ និងទឹកត្រី ២ស្លាបព្រាបាយ

២- បុកមើមខ្ទឹម ឬសជីវ៉ាន់ស៊ុយ អំបិល និងម្រេចចូលគ្នាអោយល្អិត

៣- លាងមាន់ យកគ្រឿងក្នុងចេញអោយស្អាត

៤- យកមាន់មកប្រឡាក់គ្រឿងដែល បុកហើយលាយជាមួយទឹកត្រីអោយសព្វទាំងក្នុងទាំងក្រៅ រួចយកគល់ស្លឹកគ្រៃ មកឆ្មួលញ៉ុកចូលក្នុងខ្លួនមាន់ ហើយដេរភ្ផិតអោយស្អាត ។

៥- វិធីដុតយកឈើមកដោតមាន់ ដោយបន្សល់ចុងម្ខាងសំរាប់ដោតទៅនឹងដី ហើយយកសំបកប៉ោតមកគ្របពីលើ ទើបយកចំបើងមកគរលើសំបកប៉ោតអោយលិចទៀត ហើយសឹមដុតចំបើង អោយឆេះទ្រលោមឡើងលិចប៉ោតនោះ ប្រហែលជា១៥ទៅ ២០នាទីចាំលើកសំបកប៉ោតចេញ

៦- ពេលនោះមាន់ឆ្អិនល្អ ហើយដាក់ចាន ទទួលទានជាការស្រេច

 

គ្រឿងផ្សំ

ក្តាម ខ្ញី ម្ទេស ស្លឹកខ្ទឹម ស្រា ទឹកស៊ីអ៊ីវ ប្រេងល្ង


វិធីធ្វើ

១- ក្តាមសេះ២ ឬ៣ ១២០០ក្រាម , ខ្ញីម៉ដ្ឋ ៨០ក្រាម , ដើមខ្ទឹម ១៦០ក្រាម, ម្ទេសទុំ ២ផ្លែ

២- ទឹកឃ្មុំ ៤ស្លាបព្រាបាយ , ទឹកស៊ីអ៊ីវ ២ស្លាបព្រាកន្លះ , ស្រា ២ស្លាបព្រាកន្លះ, ប្រេងល្ង ១ស្លាបព្រាកាហ្វេ

៣- ក្តាមសេះបកស្នូក យកស្រកីចេញ និងលាងទឹកអោយស្អាត កាត់ជាដុំៗដាក់ចំហុយអោយឆ្អិន ទើបស្រង់ចេញទុកប្រើការ

៤- ដាក់ខ្លាញ់ ឬប្រេងឆា ៣ស្លាបព្រាបាយចូលក្នុងខ្ទះ ។រង់ចាំខ្ទះក្តៅហុយផ្សែងទើបចាក់ខ្ញីម៉ដ្ឋចូលបំពង បន្ទាប់មកចាក់ក្តាមសេះឆ្អិនស្រាប់ចូលក្នុងខ្ទះ ឆាត្រឡប់ចុះឡើងមួយស្របក់

៥- ចាក់ដើមខ្ទឹម (កាត់ជាកង់ៗ) និងគ្រឿងផ្សំរសជាតិ និងម្ទេសទុំចូលឆាត្រឡប់អោយសព្វ ទើបគ្របខ្ទះអោយជិត ហើយរំងាស់ប្រហែល ៥-៦នាទី រហូតទាល់តែចូលជាតិគ្នា រួចស្រង់ដាក់ចានទុកជាការស្រេច ៕

 

គ្រឿងផ្សំ

ត្រី ម្ទេស អំបិល ក្រូចឆ្មារ ប្រេងឆា ខ្ទឹមក្រហម


វិធីធ្វើ

១- ត្រីរ៉ស់តូចល្មម ៣-៤ក្បាល, អង្ករលីង (បុកអោយម៉ដ្ឋ) ៣ស្លាបព្រាបាយ, ម្ទេសខ្មំាងហាន់ ៤គ្រាប់, មើមខ្ទឹមក្រហមហាន់ទទឹងៗ ៣មើម, អំបិលម៉ដ្ឋ ២ស្លាបព្រាបាយ,​ក្រូចឆ្មារ ១ផ្លែ , ប្រេងឬខ្លាញ់សំរាប់ចៀន

២- ធ្វើស្រកាត្រី វះពោះយកពោះវៀនចេញ រួចកាត់ក្បាលចោល លាងទឹកអោយស្អាត ទុកអោយស្រស់ទឹក

៣- ប្រឡាក់ត្រីនិងអំបិល រួចផ្អាប់ទុកប្រហែល ១០ថ្ងៃ

៤- យកត្រីប្រឡាក់មកប្រឡាក់អង្ករលីង ហើយផ្អាប់ទុកប្រហែល៥ថ្ងៃ

៥- ចៀនផ្អកត្រី រហូតដល់ក្រៀមឆ្អិនល្អហើយ ច្របាច់ក្រូចឆ្មារពីលើអោយសព្វ បន្ទាប់មកដាក់ខ្ទឹមក្រហម ម្ទេសពីលើជាការស្រេច ៕

 

គ្រឿងផ្សំ

កំពិស ម្ទេស ស្លឹកខ្ទឹម ក្រូចឆ្មារ ទឹកត្រី


វិធីធ្វើ

១- កំពិសស្រស់ ២០០ក្រាម, ដើមខ្ទឹមហាន់ ៣ស្លាបព្រាបាយ, ជីរបារាំងហាន់ល្អិត ២ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ២ស្លាបព្រាកាហ្វេ, ទឹកត្រី ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ

២- លាងកំពិសអោយស្អាត ដាក់អោយស្រស់ទឹក

៣- យកកំពិសមកច្របល់ជាមួយទឹកក្រូចឆ្មារអោយសព្វ ទើបដាក់ម្ទេស ខ្ទឹមហាន់ ទឹកត្រី ជីរបារាំងច្របល់វាអោយចូលជាតិ ហើយដួសដាក់ចានទទួលទានជាមួយបន្លែស្រស់

 

គ្រឿងផ្សំ

មឹក គ្រំ បង្គា ម្ទេស ជីវ៉ាន់ស៊ុយ ខ្ទឹមបារាំង ជីអង្កាម ស្ករស គល់ស្លឹកគ្រៃ ក្រូចឆ្មារ ខ្ទឹមស ទឹកត្រី ខ្ទឹមក្រហម


វិធីធ្វើ

១- បង្គារស្រស់បកសម្បកចេញ ២០០ក្រាម, គ្រំសមុទ្រ (បក) ១០០ក្រាម និងមឹកស្រស់ ១៥០ក្រាម, ខ្ទឹមក្រហមបំពងខ្លាញ់ ៥-៦មើម, ខ្ទឹមបារាំងហាន់ស្តើងៗ ១មើម, ខ្ញីហាន់ស្តើងៗ កន្លះពែង និងស្លឹកគ្រៃហាន់កន្លះពែង , ក្ទមទេស ឬសំបួរទេស (ថុំថេត) ១០០ក្រាម , ជីរអង្កាមប្រឡេះជាសន្លឹក ១ពែង

២- ស្ករស ១-២ស្លាបព្រាបាយ និងម្ទេសខ្មាំង៥-១០គ្រាប់, ក្រូចឆ្មារ ២ផ្លែ និងខ្ទឹមស កំពិសធំៗ ៣-៥កំពិស, គល់ជីរវ៉ាន់ស៊ុយ ២-៣គល់ និងទឹកត្រី ២-៣ស្លាបព្រាបាយ

៣- យកបង្គារ មឹកទៅលាងអោយស្អាត ហើយយកទៅស្រុសទឹកក្តៅដោយមិនបាច់អោយឆ្អិនពេក

៤- គ្រំលាងដោយទឹកអំបិល ដើម្បីជួយអោយសាច់គ្រំស្អាត និងគ្មានក្លិនឆ្អាប

៥- ពេលត្រៀមគ្រំ មឹក បង្គារទាំងបីមុខរួចហើយ យកវាទៅរៀបដាក់លើចាន ដែលទ្រាប់លម្អដោយបន្លែ តាមចំណង់ចំណូលចិត្ត ដូចជាស្ពៃ សាលាដ ឬឃិនឆាយជាដើម ។ចាក់ទឹកភ្លាចូលភ្លក្សរសជាតិ អោយល្មមឆ្ងាញ់តាមចំណូលចិត្ត

៦- ដាក់គ្រឿងក្នុងរាយមុខបន្លែចូលទាំងអស់ជាការស្រេច

 

គ្រឿងផ្សំ

គោ ម្ទេស ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ស្លឹកក្រូចសើច ជីអង្កាម អំបិល ទឹកត្រី រំដេង ខ្ទឹមក្រហម


វិធីធ្វើ

១-​សាច់គោចិញ្រ្ចាំអោយល្អិត ៣០០ក្រាម, ដើមខ្ទឹមហាន់ទទឹងស្តើងៗ និងជីរវ៉ាន់ស៊ុយ១មុខៗ ១ស្លាបព្រាបាយ, ស្លឹកជីរអង្កាម ១/២ចានចង្កឹះ ,ស្លឹកក្រូចសើចហាន់អោយល្អិត ១ស្លាបព្រាបាយ, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ, រំដេងបុកអោយល្អិត ១ស្លាបព្រាកាហ្វេ, ម្ទេសម៉ដ្ឋ ១-២ស្លាបព្រាកាហ្វេ, អង្ករលីង (បុកអោយម៉ដ្ឋ) ១ស្លាបព្រាបាយ, អំបិលម៉ដ្ឋ ១/២ ស្លាបព្រាកាហ្វេ , ទឹកត្រី ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ

២- លាយសាច់ជាមួយទឹកក្រូចឆ្មារ អំបិល ទឹកត្រី អង្ករលីង ម្ទេសម៉ដ្ឋច្របល់អោយសព្វ

៣- ដាក់ជីរវ៉ាន់ស៊ុយ ដើមខ្ទឹម ស្លឹកក្រូចសើច រំដេង ខ្ទឹមក្រហម ច្របល់អោយសព្វហើយដាក់ជីរអង្កាមចូល

៤- ទទួលទានជាមួយនឹង បន្លែស្រស់ ដូចជា ព្រលឹត ស្ពៃក្តោប ស្លឹកចាភ្លូ សណ្តែកកួរ ។ល។

សំគាល់ : បើចូលចិត្តល្វីង អោយដាក់ពោះខ្ចីទាំងកាកតិចៗផង ។


 ១. គ្រឿងផ្សំ៖

ត្រីអណ្តែង ២០០ក្រាម, ម្ទេសខ្មាំង ៤-៥ផ្លែ, ទឹកត្រីឆ្ងាញ់ ៣ ស្លាប​ព្រា​​សម្លរ, ស្ករ ២ស្លាបព្រាសម្លរ, 

ខ្ទឹមក្រហម៥០ក្រាម, សណ្តែក​ដី​៣០​ក្រាម, ប្រេងឆា៣ស្លាបព្រាសម្លរ។


២. របៀប​ធ្វើ​៖

ត្រីអណ្តែងលាង និង ទឹកអំបិលឱ្យស្អាតរំអិល វះ​ពោះ​យក​ពោះវៀនចេញឱ្យអស់ ​ទុកឱ្យស្ងួតទឹក។ ដាក់ត្រីអណ្តែងចៀន​ឱ្យ​ឆ្អិនសព្វសាច់ ពល្លះយកតែសាច់ ហូត​ឆ្អឹង​ចោល​ឱ្យ​អស់​ហើយ​ចិញ្រ្ចាំឱ្យតូចៗរួចលាយច្របល់​ និង​ម្សៅ​បំពង តមក​ដាក់​ ចូលខ្ទះប្រេង កំពុង​ពុះចៀន​សាថ្មីឱ្យ​ឡើងស្រួយ​ហើយ​ដួសដាក់ចាន​កំផ្លាត។ ស្វាយ​រើស​​យកធុន​ណា ​ជូរ​ល្មមៗ​ចិត​សំបក​ចោល​លាង​ឱ្យ​ស្អាត​ហើយ​ឈូស​ជាសរសៃវែងៗ។​


សណ្តែក​ដីលីងឆ្អិនបកសំបក ខ្ទឹម​ក្រហម​បក​សំបក​ហាន់​សើ្តង​ៗ​ម្ទេស​ខ្មាំង​ចិញ្រ្ចាំ​ឱ្យម៉ត់ ​ហើយ​ដាក់​ច្របល់​ចូល​គ្នា ​លាយ​ឱ្យ​សព្វ​ហើយរោយល្បាយ នេះលើសាច់ត្រីអណ្តែងចៀន ទុកមួយ​អន្លើ។​រីឯទឹក​ត្រីត្រូវលាយ​និងស្ករលៃ​ល្មមមាត់​ហើយ​ដាក់​ប្រមាណ​ ៣នាទី ទុក​ឱ្យ​ត្រជាក់​រួច​ស្រូប​ៗ​តិច​ៗ​ឱ្យសព្វចានសាច់ត្រីអណ្តែង ជាការស្រេច។

Powered by Blogger.